loading...

រដ្ឋាភិបាល និង អង្គការ WCS នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​ឥណទាន​កាបូន​

Nature, worldwide nature

ដោយ៖ ថ្មីៗ
 
​រដ្ឋាភិបាល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​(WCS) នឹង​ចុះហត្ថលេខា លើ​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង ផ្ទេរ​ឥណទាន​កាបូន​ទៅ​ឲ្យ​ក្រុមហ៊ុន Disney នៅ​ថ្ងៃទី​១១ សីហា វេលា​ម៉ោង ៣​រសៀល  នៅ​សាលប្រជុំ ម៉ុក ម៉ារ៉េត នា​ទីស្ដីការ​ក្រសួងបរិស្ថាន ។ នេះ​បើ​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ 
​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នឹង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹងចូលរួម​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​នៃ​កិច្ចព្រមព្រៀង​ដែល​នឹង​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​មូលនិធិ បានមកពី​ការផ្ទេរ​ឥណទាន​កាបូន​ទៅ​ឲ្យ​ក្រុមហ៊ុន Disney នេះ​។​
 
​គួរ​បញ្ជាក់ថា ឥណទាន​កាបូន​ដែល​ត្រូវបាន​លក់​នេះ ត្រូវបាន​គេ​ដាក់​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ឯកជន អង្គការ និង​បុគ្គល​ម្នាក់ៗ ធ្វើការ​បង់ប្រាក់​សម្រាប់​សកម្មភាព​ជាច្រើន ដែល​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​។​
 
​កន្លងមក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ការលក់​ឥណទាន​កាបូន​ទ្រង់ទ្រាយ​ធំ​ដំបូងបង្អស់​របស់​កម្ពុ​ជា​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​យើង ដើម្បី​ទទួលបាន​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ការពារ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្តថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ថវិកា​សឹងតែ​ទាំងអស់​សម្រាប់​ការពារ​ព្រៃឈើ និង​ការអភិវឌ្ឍន៍​សហគម​ន៍ ។
 
​សូមបញ្ជាក់ថា ការផ្ទេរ​ឥណទាន​កាបូន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដល់​ក្រុមហ៊ុន Disney នេះ មាន​ផ្ទៃដី​២៩២,៦៩០​ហិច​តា ស្ថិតនៅក្នុង​ខេត្ត​ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន Disney ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​ពិភពលោក​៕
 
 
 

Share:
+
Previous
Next Post »