ថ្ងៃសៅរ៏, ២០ សីហា ២០១៦ _RFA
ដោយ ហង្ស សាវយុត
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសថៃ និងវៀតណាម គឺគ្រាប់ពូជឈើគ្រញូងមានតម្លៃថ្លៃបំផុត ដោយ ១គីឡូក្រាមយ៉ាងហោចណាស់ក៏ថ្លៃពី ៣០០ ទៅជិត ៤០០ដុល្លារអាមេរិកដែរ។ ការលក់គ្រាប់ពូជយ៉ាងថ្លៃដូចនេះ ដោយសារតែប្រភេទឈើគ្រញូង បានវិនាសផុតពូជស្ទើរតែទាំងស្រុង បន្ទាប់ពីជាង ៥-៦ឆ្នាំជាប់ៗគ្នាមកហើយ ប្រទេសចិន បានប្រមូលទិញប្រភេទឈើទាំងនោះ ដោយយកទាំងឫស ទាំងគល់គ្មានសល់ រហូតធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនបានគ្រោះថ្នាក់ដល់ជីវិតក្នុងពេលឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ទៀតផង។
តើពេលនេះប្រទេសកម្ពុជា រកគ្រាប់ឈើគ្រញូងមកពីណាដើម្បីដាំដុះឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់វាបន្តទៀត?
សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ គឺជាអង្គភាពការពារព្រៃឈើមួយដែលស្ថិតនៅក្នុងឃុំខ្នារង្វះ ស្រុកបន្ទាយស្រី ចម្ងាយជាង ៤០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើទីនោះ កំពុងទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរលើកិច្ចការពារ និងអភិរក្សដើមគ្រញូងពូជ ដែលនៅសេសសល់ចុងក្រោយបំផុតចំនួនជាង ៥៧០ដើម ដែលដុះនៅលើផ្ទៃដីអភិរក្សទំហំជាង ៥០ហិកតារ។
នាយរងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ គឺលោក ហង្ស ជំនិតរិទ្ធី។ លោកមានប្រសាសន៍ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា ស្ទើរតែបាត់បង់ឈើគ្រញូងទាំងស្រុង ក៏ប៉ុន្តែនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរបស់លោក គឺនៅមានសេសសល់ពូជគ្រញូងចុងក្រោយដែលរូបលោក ក៏ដូចជាក្រុមដើរល្បាតកំពុងប្រឹងប្រែងការពារទាំងយប់ទាំងថ្ងៃ។ វាជាការពិបាកបំផុតទៅលើកិច្ចការពារដើមឈើគ្រញូងដែលមានទំហំមុខធំៗ ពីព្រោះតែបច្ចុប្បន្ន ក្រុមឈ្មួញដែលជួញដូរឈើគ្រញូងនៅមិនទាន់បោះបង់ចោលមុខរបររបស់ពួកគេនៅឡើយ ហើយពួកគេតែងតែប្រាថ្នាចង់បានដើមឈើប្រភេទនោះ ពីព្រោះវាមានតម្លៃខ្ពស់រហូតដល់ទៅរាប់ម៉ឺនដុល្លារអាមេរិកក្នុង ១ដើម។
លោក ហង្ស ជំនិតរិទ្ធី បញ្ជាក់ថា ដើមគ្រញូងធំៗ ដែលនៅសេសសល់ចុងក្រោយក្នុងសង្កាត់របស់លោកនេះ គឺជាក្ដីសង្ឃឹមឡើងវិញសម្រាប់ជួយប្រទេសកម្ពុជា ឱ្យអាចយកគ្រាប់ពូជទៅបណ្ដុះចែកចាយតាមបណ្ដាខេត្តជាច្រើនទៀតឱ្យយកវាទៅដាំឡើងវិញ៖ «ស្រាវជ្រាវដើម្បីយកគ្រាប់ទៅបណ្ដុះចែកចាយដល់រដ្ឋបាលព្រៃឈើផ្នែកណាដែលអត់មាន ដូចជានៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង ក៏ដូចជាបណ្ដាខេត្តខ្លះទៀតដែលគេស្នើសុំ»។
បច្ចុប្បន្ននេះឈើគ្រញូងនៅតែទទួលរងការកាប់បំផ្លាញធ្វើអាជីវកម្មខុសច្បាប់ស្ទើរតែគ្រប់តំបន់ ហើយមួយផ្នែកទៀត ក្រុមឈ្មួញក៏នៅតែជួលពលរដ្ឋខ្មែរឱ្យឆ្លងដែនចូលទៅកាប់ដោយខុសច្បាប់ក្នុងទឹកដីថៃ ហើយដឹកជញ្ជូនយកទៅលក់ឱ្យចិន ដោយឆ្លងកាត់ប្រទេសវៀតណាម ដដែល។