ថ្ងៃច័ន្ទ, ១៥ សីហា ២០១៦
ដោយ មនសិការខ្មែរ
ឈ្មួញធំៗដែលជាមន្ត្រីប្រដាប់អាវុធនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង នៅតែកើតឡើងយ៉ាងពេញបន្ទុក បើទោះបីពេលខ្លះត្រូវសមត្ថកិច្ចអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបក៏ដោយ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ឈើគ្រញូងទម្ងន់១២០០គីឡូក្រាមត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបនៅចំណុចភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ទាក់ទងនឹងការបង្ក្រាបនេះប្រភពខ្លះបានឲ្យដឹងថា មកពីឈ្មួញឈើមិនទាក់ទងសម្របសម្រួលជាមួយលោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងជាមុន ប្រសិនបើមានការសម្របសម្រួលនោះ ឈ្មួញអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនជាមិនខាន។
ប្រភពពីសមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបរថយន្តដឹកឈើគ្រញូងកាលពីយប់ថ្ងៃទី១៣ ខែសីហា បានឲ្យដឹងថារថយន្តនោះម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2E-1536 បើកចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ផ្លូវក្រួសក្រហមនៅក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស។ សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដឹកឈើខាងលើមើលទៅផ្ទុករបស់ធ្ងន់ខុសពីប្រក្រតីទើបឈានដល់ការដេញបង្ក្រាបតាំងពីចំណុចភូមិក្ដុល ឃុំក្រាំងស្គារ រហូតដល់ភូមិរមាស ឃុំតាំងក្រសាំង ទើបឃាត់បាន។ នៅពេលកងរាជអាវុធហត្ថតាមបង្ក្រាបនោះ ក៏មានរថយន្តផ្សេងមួយទៀតធ្វើការរារាំងពីមុខរថយន្តសមត្ថកិច្ចផងដែរ ក៏ប៉ុន្តែសមត្ថកិច្ចតាមបង្ក្រាបរហូតបានសម្រេចហើយអ្នកបើកបររថយន្តដឹកឈើបានរត់គេចខ្លួន។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្តដឹកឈើគ្រញូង១២០០គីឡូក្រាមដែលត្រូវកងរាជអាវុធហត្ថបង្ក្រាបនោះ គឺជារបស់ឈ្មោះ អ៊ឹម សេន ជាមន្ត្រីយោធានៅខេត្តពោធិ៍សាត់ ហើយកន្លងមកមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តពោធិ៍សាត់ និងក្នុងស្រុកទឹកផុស ខេត្តកពង់ឆ្នាំង មិនដែលធ្វើការបង្ក្រាបម្តងណាឡើយ។ ឈ្មួញដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ភាគច្រើនជាមន្ត្រីយោធាក្នុងខេត្តពោធិ៍សាត់ ហើយពួកគេបានយកមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ ធ្វើជាបង្អែកក្នុងការប្រព្រឹត្តបទល្មើសទៀតផង។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥០០នៅឃុំលង្វែក បង្ក្រាបរថយន្តបាឡែន១គ្រឿងដឹកឈើគ្រញូងដែលជារបស់ឈ្មោះ អ៊ឹម សេន មន្ត្រីយោធាខេត្តពោធិ៍សាត់ ដែលឈរជើងនៅច្រកព្រំដែនថ្មដា ស្រុកវាលវែង ផងដែរ។ ហេតុនេះហើយទើបប្រជាពលរដ្ឋរិះគន់ថា ឈ្មួញជាមន្ត្រីយោធានៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងគឃ្លើន ហើយសមត្ថកិច្ចបង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ រីឯឈ្មួញដែលមានទំនាក់ទំនងល្អអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានសមត្ថកិច្ចណារំខានឡើយ៕