loading...

មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី កាប់​ឈើ​ពី​ខេត្តព្រះវិហារ ដឹកជញ្ជូន​ទៅ​ខេត្តកំពង់ធំ និង​កំពង់ចាម យ៉ាង​ពេញបន្ទុក​



​ប្រភព​ៈ​ មនសិការ​ខ្មែរ

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​ខេត្តព្រះវិហារ ដឹកជញ្ជូន​ទៅ​លក់​នៅ​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី បានបញ្ចប់​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ឈើ​ជា​យូរ​មកហើយ ប៉ុន្តែ​មេការ​ក្រុមហ៊ុន​នេះ​នៅតែ​បន្តសកម្មភាព​កាប់​ដើមឈើ​ធំៗ​ដែលមាន​ប្រវែង​ពី​៥​ទៅ​ជាង​១០​ម៉ែត្រ និង​មាន​មុខកាត់​ចាប់ពី​០,៥០​ម៉ែត្រ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ 

បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ឈ្មោះ ស្រ៊ុន ជា​មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​កែច្នៃ​ម៉ាក​រ៉េវ​ពី​១៥​ទៅ​២០​គ្រឿង​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ ហើយ​ដឹកជញ្ជូន​ចេញពី​ព្រៃ​មក​ស្ទូច​ដាក់​លើ​រថយន្ត​យី​ឌុប​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​នៅ​ឃុំ​រមណីយ ស្រុក​រវៀង​។ ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មោះ ស្រ៊ុន មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី ដឹកជញ្ជូន​ទៅ​លក់​នៅ​ខេត្តកំពង់ធំ ខេត្តកំពង់ចាម យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ តាម​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ដោយមាន​ឈ្មោះ រិ​ន ជា​អ្នករត់​ការបើកផ្លូវ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​រវៀង បាន​ឲ្យ​ដឹងថា ដើមឈើ​ធំៗ​ក្នុងព្រៃ​ឡង់​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី ឈ្មោះ ស្រ៊ុន នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គឃ្លើន​បើទោះបី​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ផុត​សុពលភាព​ក៏ដោយ​។ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​រវៀង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ការដែល​ឈ្មោះ ស្រ៊ុន មេការ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដូច​សព្វថ្ងៃនេះ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​របស់​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី ជាបន្ទាន់​ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​បំផុត​៕
Share:
+
Previous
Next Post »