loading...

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន


ថ្ងៃសៅរ៏, ២០ សីហា ២០១៦ 
ដោយ មនសិការខ្មែរ

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព នៃ​ស្រុក​ត្រពាំង​ប្រាសាទ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​នោះឡើយ​។ 
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​កត់​ស​ម្កាល់​ថា​យូរៗ​ម្តង​ទើប​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ចាត់វិធានការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ដោយសារ​ម្ចាស់​រថយន្ត​ទាំងនោះ មិន​បង់លុយ​តាម​ការកំណត់​។ ប្រសិនបើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នោះ អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​មិន​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ​។ មានន័យថា​ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​កាលពី​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នោះ គឺ​ដោយសារ​ម្ចាស់​រថយន្ត​ដែលជា​ឈ្មួញ​ឈើ​ឈ្មោះ ឌួង វិចិត្រ ចង់​គេចវេះ​ពី​ការ​បង់លុយ​ក៏ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។
មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ការដែល​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​បរិស្ថាន​គូលែន​ព្រហ្ម​ទេព នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​ដោយសារ​មានការ​បើកដៃ​ពី​លោក ខេង សុជាតិ ដែលជា​ប្រធាន​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​តែម្តង​។ លោក ខេង សុជាតិ មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកឈើ​ក្នុង​តំបន់​អភិរក្ស​ស្រេច​តែ​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ចូល​បរបាញ់​សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស​យ៉ាង​មហន្តរាយ​ថែមទៀត​។ បញ្ហា​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តឧត្ដរមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ខេង សុជាតិ ប្រធាន​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕
Share:
+
Previous
Next Post »