loading...

មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី នៅតែមាន​អំណាច​ក្នុងការ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត

ឈ្មួញ​ ឈើ​,កាប់​បំផ្លាញ​ព្រៃ​ឈើ​

ថ្ងៃសុក្រ, ២៦ សីហា ២០១៦ 
ដោយ មនសិការខ្មែរ


មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី ដែលជា​អតីត​កូនជឹង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅតែមាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី បានចាត់ទុក​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​គេ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ តំបន់​ព្រៃ​អភិរក្ស ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើងវិញ​កាលពីដើម​ខែសីហា ហើយ​មកដល់ពេលនេះ​មិនទាន់មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី មិន​ត្រឹមតែ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ប៉ុណ្ណោះ​ទេ គឺ​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ដែរ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី បាន​ប្រើ​រថយន្ត​យី​ឌុប​មិនតិចជាង​១០​គ្រឿង​ដើម្បី​ដឹកឈើ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តរតនគិរី និង​ដេប៉ូ​ឈើ​តាម​បណ្ដា​ខេត្ត​នានា​ដោយមាន​ការសម្របសម្រួល​ពី​ក្រុមមន្ត្រី​ពុករលួយ​យ៉ាង​រលូន​។
សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្ត​រន​ត​គិរី បាន​ឲ្យ​ដឹងថា នាយក​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​៣​ស្រុក​-​ក្រុង គឺ​ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង គឺជា​អ្នក​បើកដៃ​ឲ្យ​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​លំផាត់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់ ក៏ដូចជា​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​ក្នុងស្រុក​នេះ កំពុង​ត្រូវបាន​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ដូច្នេះ​ប្រសិនបើ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន គ្មាន​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​ជាមួយ​ឧកញ៉ា​វ័យក្មេង​គឺ​មេ​ឈ្មួញ ធី ប្ញ​ទ្ធិ​សី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បន្ត​កើតមាន​យ៉ាង​រាលដាល​តទៅទៀត​៕
Share:
+
Previous
Next Post »