loading...

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ណា​ដែល​បណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ


ដោយ​ សូត សុខប្រាថ្នា




អាជ្ញាធរ​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធាន​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ធ្វេសប្រហែស​បណ្ដោយ​ឱ្យ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​បន្ត​កើត​មាន។ វិធានការ​ទាំង​នោះ គឺ​ត្រូវ​ពិន័យ​រដ្ឋបាល ឬ​ត្រូវ​អនុវត្ត​តាម​ច្បាប់​តែម្ដង ពិសេស​ចំពោះ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​រក​ឃើញ​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សហគមន៍​ការពារ​ព្រៃឡង់ មិន​មាន​ជំនឿ​ចំពោះ​វិធានការ​នេះ​ឡើយ។
អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ដាក់​បទបញ្ជា​ទៅ​គ្រប់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ឱ្យ​ត្រួតពិនិត្យ​លើ​ការងារ​របស់​ខ្លួន​ឡើង​វិញ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ការ​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ និង​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ធំ ពិសេស​ចេញ​ពី​តំបន់​ព្រៃឡង់។ ការ​បញ្ជាក់​ជំហរ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​ការ​ត្រួត​ពិនិត្យ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។
​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​ថា នេះ​ជា​ការ​ព្រមាន​ចុង​ក្រោយ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ឡើយ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ ហើយ​ដាក់​ទោសទណ្ឌ​តាមច្បាប់​តែម្ដង៖ «បើសិនជា​ជំនាញ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ ឯកឧត្ដម​អភិបាល​ខេត្ត​នឹង​បង្ក្រាប​មន្ត្រី​ពាក់ព័ន្ធ។ បាទ! នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្ដម​អភិបាល​ខេត្ត ហើយ​លោក​នឹង​មិន​យោគយល់​ទៀត​ទេ»
​លោក​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​នឹង​ដាក់​បណ្ដាញ ឬ​ក្រុម​ចល័ត​ដើម្បី​តាមដាន​សកម្មភាព​អនុវត្តន៍​ច្បាប់​របស់​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​សហការ​ជាមួយ​ពលរដ្ឋ​ដើម្បី​រាយការណ៍​មក​ថ្នាក់​ខេត្ត​ផ្ទាល់​តែម្ដង​លើ​ករណី​បទល្មើស​ព្រៃឈើ​ដែល​បាន​កើត​មាន​ឡើង។
កាល​ពី​ខែ​កក្កដា កម្មករ​អារ​ឈើ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ម្នាក់​ឱ្យ​ដឹង​ថា ប្រពន្ធ​និង​កូនៗ​របស់​អធិការ​ស្រុក​សណ្ដាន់ គឺ​លោក អួង ម៉ូលី គឺ​ជា​មេខ្លោង​ដែល​ជួល​ពលរដ្ឋ​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​មួយ​នេះ។ សកម្មភាព​នេះ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​ពួកគាត់​អះអាង​ថា ក្រុម​គ្រួសារ​អធិការ​ស្រុក​រូប​នេះ បាន​បង់​ប្រាក់​ប្រចាំ​ខែ​មួយ​ចំនួន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្នូរ​ការ​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃឡង់ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក អ៊ួង ម៉ូលី ទាត់​ចោល​ដោយ​លើក​ឡើង​ថា ជា​ការ​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​របស់​លោក​ទៅ​វិញ។
សកម្មជន​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ជុំ យីន ឱ្យ​ដឹង​ថា ក្រោយ​ពេល​រាជរដ្ឋាភិបាល​ដាក់​តំបន់​ព្រៃឡង់ ជា​ព្រៃ​ជម្រក​សត្វ ឬ​ជា​ព្រៃ​ការពារ​កាល​ពី​ដើម​ខែ​ឧសភា បទល្មើស​មួយ​ចំនួន​បាន​ថយ​ចុះ ប៉ុន្តែ​បច្ចុប្បន្ន​សកម្មភាព​បទល្មើស​បាន​កើត​ឡើង​វិញ​ដដែល។ លោក​បារម្ភ​ថា ប្រសិន​អាជ្ញាធរ​បណ្ដោយ​ឱ្យ​បទល្មើស​នៅ​តែ​កើត​ឡើង​បន្ត​ទៀត តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​នឹង​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ៖ «កាល​ដំបូង​ឡើយ យើង​សប្បាយចិត្ត​ជាមួយ​មន្ត្រី​អនុរក្ស​ក្នុង​ការ​ការពារ និង​ថែរក្សា​បាន​ល្អ ប៉ុន្តែ​ចុង​ក្រោយ​យើង​សោកស្ដាយ​ខ្លាំង​បំផុត»
​កាល​ពី​ដើម​ខែ​ឧសភា រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​តំបន់​ព្រៃឡង់ ទាំង ៤​ខេត្ត រួម​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង លើ​ទំហំ​ដី​ជាង ៤០​ម៉ឺន​ហិកតារ​ជា​តំបន់​ព្រៃ​ជម្រក​សត្វ។
ទោះ​បី​យ៉ាង​ណា​ក៏ដោយ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក សេង សុខហេង គឺ​មិន​មាន​ជំនឿ​ទៅ​លើ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ ឡើយ ពីព្រោះ​កន្លង​មក​វិធានការ​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​រាប់​មិន​អស់ ប៉ុន្តែ​បទល្មើស​នៅ​តែ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ដដែល៖ «សូម្បីតែ​កន្លង​មក​យើង​ឃើញ​ថ្នាក់​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​គាត់​ព្រមាន​តែ​មិន​ដែល​ឃើញ​ធ្វើ​បាន​ផង ធ្វើ​តែមួយ​ក្ដាំង ធ្វើ​បាន​តែ​តូចតាច​អ៊ីចឹង​ទៅ»
លោក​យល់​ថា ដើម្បី​ឱ្យ​សារ​ព្រមាន​ចាត់​វិធានការ​របស់​មន្ត្រី​រាជរដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ពួកគេ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ហើយ​ត្រូវ​ដក​តួនាទី​មន្ត្រី​ណា​ដែល​ធ្វើ​ការ​មិន​កើត ព្រមទាំង​ត្រូវ​ដាក់​ទោសទណ្ឌ​ដល់​មន្ត្រី​របស់​ខ្លួន​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។ ជាង​នេះ​ទៀត រដ្ឋ​ត្រូវ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ត្រូវ​លុបបំបាត់​រាល់​ទម្រង់​អំពើ​ពុករលួយ​ជាដើម
Share:
+
Previous
Next Post »