ថ្ងៃច័ន្ទ, ១៦ សីហា ២០១៦
ដោយ មនសិការខ្មែរ
មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានព្យាយាមបិទបាំងរឿងឈ្មួញចូលមកប្រមូលទិញឈើក្នុងមូលដ្ឋានរបស់ខ្លួន ហើយដឹកជញ្ជូនឆ្លងកាត់ស្រុកលំផាត់ ក្រុងបានលុង ទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងអនាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកោះញែក មិនអាចបិទបាំងការពិតបានទេ ព្រោះប្រជាសហគមន៍ការពារព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានមើលឃើញបទល្មើសជាក់ស្ដែងតែម្តង។ ដោយសារតែមានឈ្មួញយួនចូលមកប្រមូលទិញឈើដល់ក្នុងមូលដ្ឋានស្រុកកោះញែកបែបនេះហើយ ទើបឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងព្រៃការពារ ព្រៃអភិរក្ស កំពុងប្រឈមនឹងការសេចក្ដីវិនាស។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុចអូររវ៉ាក់ ជាប់ប្រប្រទល់រវាងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថាឈើប្រណីតរាប់ពាន់កំណាត់ត្រូវបានឈ្មួញជនជាតិយួនដើរប្រមូលទិញយកមកគរទុកនៅផ្ទះមន្ត្រីបរិស្ថាន ក្នុងចំណុចអូររវ៉ាក់។ ទាក់ទងនឹងបញ្ហានេះសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា មេរដ្ឋបាលព្រៃឈើស្រុកកោះញែក ខេត្តមណ្ឌលគិរី និងមេរដ្ឋបាលព្រៃឈើស្រុកលំផាត់ ខេត្តរតនគិរី ជាអ្នកឃុបឃិតគ្នាបើកដៃឲ្យឈ្មួញយួនចូលមកប្រមូលទិញឈើយ៉ាងរលូន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ខ្លូត ឃា អធិការនគរបាលស្រុកកោះញែក ទំនងជាជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបព្យាយាមបិទបាំងការពិតថា ពុំមានឈ្មួញយួនចូលមកទិញឈើក្នុងស្រុកកោះញែកឡើយ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានឲ្យដឹងថាឈ្មួញយួនប្រមូលទិញឈើប្រណីតរាប់ពាន់កំណាត់យកទៅស្តុកទុកនៅផ្ទះមន្ត្រីបរិស្ថាន ចំណុចអូររវ៉ាក់ ស្រុលលំផាត់ ជាប់ព្រំប្រទល់ស្រុកកោះញែក ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រក្សាភាពស្ងៀមស្ងាត់ដើម្បីផលប្រយោជន៍។ សូម្បីតែលោក ខ្លូត ឃាអធិការនគរបាលស្រុកកោះញែក ក៏ព្យាយាមបិទបាំងការពិតរឿងឈ្មួញជនជាតិយួនចូលមកប្រមូលទិញឈើក្នុងមូលដ្ឋានរបស់ខ្លួនដែរ បើទោះបីប្រជាពលរដ្ឋបានឃើញច្បាស់នឹងភ្នែកក៏ដោយ។ លើសនេះទៅទៀតប្រជាពលរដ្ឋរស់នៅស្រុកលំផាត់ ជាប់ព្រំប្រទល់ស្រុកកោះញែក បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនឈើជាច្រើនគ្រឿងចេញពីស្រុកកោះញែក ឆ្លងកាត់មូលដា្ឋនរបស់ពួកគាត់ ហើយទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ឃុបឃិតដើម្បីផលប្រយោជន៍យ៉ាងសុខស្រួល៕