ថ្ងៃច័ន្ទ, ២៩ សីហា ២០១៦
ដោយ: ប្រាជ្ញ ចេវ (RFA)
ប្រជាសហគមន៍ដែលភាគច្រើនគឺជាជនជាតិដើមភាគតិចព្នង ជាអ្នកការពារអភិរក្ស និងអាស្រ័យផលពីជម្រកសត្វព្រៃកែវសីមា រំពឹងថា ពួកគេនឹងមានជីវភាពធូរធារជាងមុន បន្ទាប់ពីត្រូវបានក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយឈ្មោះ ឌីសនី (Disney) សម្រេចទិញឥណទានកាបូនដែលមាននៅក្នុងតំបន់ព្រៃឈើមួយនេះ។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃជិត ៣០ម៉ឺនហិកតារ គ្របដណ្ដប់ក្នុងឃុំចំនួន៤ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តើកិច្ចព្រមព្រៀងឥណទានកាបូនពិតជាបានផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងតំបន់នោះមែនទេ?
«សំឡេងទឹកហូរ និងសត្វព្រៃ»
លោក ធឿន ស្រូវ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកជាប្រជាសហគមន៍ម្នាក់ក្នុងចំណោមប្រជាសហគមន៍ផ្សេងទៀតដែលបានចូលរួមការពារដែនជម្រកសត្វព្រៃកែវសីមា។
មានអាយុ ៤៦ឆ្នាំ បុរសមានមាឌមាំសម្បុរខ្មៅស្រអែម ពាក់អាវពណ៌ខៀវក្រមៅ មានអាវក្រៅពណ៌ត្រួយចេក លោក ធឿន ស្រូវ តែងពាក់អាវនេះជូនភ្ញៀវចូលព្រៃ។ ស្ពាយបង្វេចអីវ៉ាន់នៅពីក្រោយ និងមានទាំងទឹកទុកផងនោះ លោកត្រូវទៅដល់ព្រៃកន្លែងមើលសត្វព្រៃប្រមាណម៉ោង ៥ព្រឹក ចំណែកភ្ញៀវទេសចរក៏ត្រូវទៅដល់កន្លែងដើម្បីតាមមើលសត្វទោច ស្វា និងស្វាកន្ទុយស ហើយស្វាកន្ទុយស ជាសត្វកម្រដែលមាននៅក្នុងដែនជម្រកមួយនេះ៖ «»។
លោក ធឿន ស្រូវ បានស្ម័គ្រចិត្តចូលបម្រើការងារជាអ្នកស្រាវជ្រាវសត្វទោចនៅសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) កាលពីឆ្នាំ២០១៣ ក្រៅពីជូនភ្ញៀវចូលព្រៃ។ លោកមានតួនាទីផ្សាំងសត្វទោច សត្វស្វា កុំឲ្យសត្វផ្អើលពេលឃើញមនុស្ស។ លោកពន្យល់ថា ការផ្សាំងសត្វ គឺលោកត្រូវទៅឈរក្បែរសត្វ មិនធ្វើឲ្យសត្វភ័យខ្លាច ហើយពាក់អាវពណ៌ដដែលពេលទៅម្តងៗ ដើម្បីឲ្យសត្វចំណាំ។
ការងារនេះ ផ្តល់កម្រៃឲ្យលោកក្នុងមួយខែប្រមាណ ២០ម៉ឺនរៀល។ ក្រៅពីនេះ លោកទទួលបានប្រាក់ ៥ម៉ឺនរៀល នៅពេលជូនភ្ញៀវទេសចរចូលព្រៃឡើងភ្នំម្តងៗ។ លោក ធឿន ស្រូវ ថាភ្ញៀវទេសចរទៅតំបន់នេះភាគច្រើនគឺជនបរទេស លោកមិនចេះភាសាអង់គ្លេសទេ ដូច្នេះត្រូវមានអ្នកប្រែភាសាម្នាក់ទៀតទៅអមជាមួយលោក៖ «»។
ទំនេរពីការនាំភ្ញៀវចូលព្រៃ លោក ធឿន ស្រូវ ធ្វើស្រែធ្វើចម្ការដូចពលរដ្ឋផ្សេងទៀតដែរ ចំណែកភរិយារបស់លោក លក់ដូរគ្រឿងទេស ឬចាប់ហួយនៅផ្ទះ។ បុរសជនជាតិដើមភាគតិចរូបនេះ យល់ថា ព្រៃឈើមានសារសំខាន់សម្រាប់ការរស់នៅយូរអង្វែង និងប្ដេជ្ញាធ្វើសកម្មភាពការពារព្រៃឈើដដែល។
បន្ទាប់ពីមានការប្រកាសទិញកាបូនពីដែនជម្រកកែវសីមា ពីក្រុមហ៊ុន ឌីសនី កាលពីពេលថ្មីៗនេះ ធ្វើឲ្យពលរដ្ឋមួយចំនួនងឿងឆ្ងល់ពីការលក់កាបូននេះមានន័យយ៉ាងម៉េច និងចោទសួរថា ពាណិជ្ជកម្មកាបូននេះប៉ះពាល់ដល់ព្រៃ ឬក៏ជួយការពារព្រៃឈើយ៉ាងណានោះ?
ស្រដៀងគ្នានេះដែរ លោក ធឿន ស្រូវ ក៏មិនសូវដឹងច្បាស់ពីឥណទាននេះដែរ គ្រាន់តែលោកដឹងថា លក់កាបូន គឺលក់ខ្យល់បានពីព្រៃឈើដោយមិនចាំបាច់កាប់បំផ្លាញព្រៃឈើ៖ «»។
ទាក់ទងរឿងនេះ អ្នកជំនាញបរិស្ថានពន្យល់ថា ជាការព្រមព្រៀងផ្តល់ថវិការវាងប្រទេសបណ្ដាប្រទេសអភិវឌ្ឍន៍ខ្លាំង ហើយការអភិវឌ្ឍនោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានតាមរយៈផ្សែងពុល ផ្តល់ថវិកានោះមកប្រទេសដែលការពារព្រៃឈើ។ សមាគមអភិរក្សសត្វព្រៃនៅកម្ពុជា ហៅកាត់ថា ដាប៊លយូ.ស៊ី.អេស (WCS) បានធ្វើការងារទាក់ទងគម្រោងរេដបូក (Redd+) នៅដែនជម្រកសត្វព្រៃកែវសីមាបានជិត ៧ឆ្នាំមកហើយ។
បុគ្គលិកផ្នែកទេសចរណ៍ធម្មជាតិនៃអង្គការ WCS លោក ខាង សឿង ប្រាប់ថា សព្វថ្ងៃនៅក្នុងគម្រោងរបស់លោក បង្រៀនប្រជាសហគមន៍នៅក្នុងភូមិឲ្យចេះនាំភ្ញៀវ អ្នកស្រាវជ្រាវសត្វទោច ចុងភៅ អ្នកយាម និងអ្នកសម្អាត ដែលក្រុមទាំងនេះផ្តល់សេវាដល់ភ្ញៀវទេសចរ។ លោកថា នេះជាគម្រោងទីមួយនៃផែនការអភិរក្សដែនជម្រកកែវសីមា។ នៅពេលនេះមានពលរដ្ឋជាង ២០០នាក់ចូលរួម ថវិកាទ្រទ្រង់សកម្មភាពការងារដំបូង អង្គការជាអ្នកផ្តល់ឲ្យ បន្ទាប់ពីមានប្រាក់តម្កល់ ប្រជាសហគមន៍ជាអ្នកទទួលខុសត្រូវខ្លួនឯង៖ «»។
ការអនុវត្តគម្រោងភូមិអណ្ដូងក្រឡឹង ជាភូមិមួយនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានសង់រានហាលអង្គុយលំហែ រោងសម្រាប់ភ្ញៀវស្នាក់។ ថវិកាដែលទទួលបានពីភ្ញៀវនៃការផ្តល់សេវានេះ ទុកសម្រាប់ការប្រើប្រាស់នៅក្នុងសហគមន៍។
អ្នកការពារព្រៃឈើម្នាក់ទៀត លោក ជិ រញើប មិនទាមទារថវិកាបានពីការលក់កាបូនយកចែកពលរដ្ឋនោះទេ ប៉ុន្តែទាមទារឲ្យមានការអភិវឌ្ឍនៅមូលដ្ឋានរបស់លោក។ លោកស្នើឲ្យយកថវិកាដែលទទួលបាននេះ កែច្នៃព្រៃឈើនៅក្នុងសហគមន៍របស់លោកក្លាយទៅជាតំបន់អេកូទេសចរណ៍៖ «»។
កាលពីថ្ងៃទី១១ ខែសីហា ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយបានកើតឡើង។ ក្រុមហ៊ុន ឌីសនី (Disney) របស់សហរដ្ឋអាមេរិក សម្រេចចុះហត្ថលេខាទិញកាបូន រេដបូក (Carbon Redd+) នៅដែនជម្រកសត្វព្រៃកែវសីមាចំនួន ២,៦លានដុល្លារពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រកាសដាក់ជីវិតនយោបាយដើម្បីអនុវត្តលើគម្រោងនេះឲ្យជោគជ័យ។
ក្រោយមានកិច្ចព្រមព្រៀងនេះ អ្នកធ្វើការងារទាក់ទងដែនជម្រករួមមាន មន្ត្រីក្រសួងបរិស្ថាន មន្ត្រីនៃអង្គការអភិរក្សសត្វព្រៃកម្ពុជា បានជួបប្រជុំជាមួយប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ២០សហគមន៍ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា នាខេត្តមណ្ឌលគិរី ដើម្បីបន្តសកម្មភាពកិច្ចការជីវចម្រុះតំបន់ និងការយកថវិកាពីការលក់ឥណទានកាបូន មកអភិវឌ្ឍភូមិ-ឃុំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ។
មន្ត្រីគម្រោងដែនជម្រកសត្វព្រៃកែវសីមា នៃក្រសួងបរិស្ថាន លោក គង់ ពុទ្ធីរ៉ា ឲ្យដឹងថា ថវិកាដែលបានពីការលក់ឥណទានកាបូនចំនួន ៥០ភាគរយនៃថវិកាសរុប ត្រូវផ្តល់ទៅប្រជាសហគមន៍នៅមូលដ្ឋានក្រោមរូបភាពពីរ គឺការអភិរក្សដែនជម្រក និងអភិវឌ្ឍភូមិ-ឃុំនៅដែនជម្រក។ លោកថា អ្នកជំនាញរេដបូករបស់ WCS លោក យាង ដូណាល់ ប្រាប់ថា តំបន់ការពារព្រៃឈើនេះ ដើម្បីគណនាកាបូន ត្រូវវាស់វែងឈើងាប់ឈើរស់ឈើឈរ និងកម្ពស់ឈើ។ លោកថា ការផ្ទុកកាបូនអាស្រ័យទៅលើប្រភេទព្រៃ តាមការប៉ាន់ស្មាន ព្រៃស្រោងមានផ្ទុកកាបូន ៧០០តោនក្នុងមួយហិកតារ ព្រៃរបោះផ្ទុកកាបូនពី ២០០ ទៅ ៣០០តោនក្នុងមួយហិកតារ៖ «»។
គិតពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ មានកាបូនទាំងអស់ជាង ៥លានតោន។ ការវាយតម្លៃចំនួនកាបូន ត្រូវធ្វើឡើងប្រាំឆ្នាំម្តង ដោយក្រុមហ៊ុនអន្តរជាតិដែលមានជំនាញលើរឿងនេះ។ កាបូនអាចកើន ឬថយចុះ អាស្រ័យលើការការពារព្រៃឈើ ឬការបំផ្លាញព្រៃឈើ។
អ្នកជំនាញរេដបូករបស់ WCS លោក យាង ដូណាល់ ឲ្យដឹងទៀតថា មុននឹងមានការសម្រេចទិញឥណទានកាបូនពីក្រុមហ៊ុន ឌីសនី មានបុគ្គលិកក្រុមហ៊ុននេះចុះមកពិនិត្យវាយតម្លៃផ្ទាល់នៅដែនជម្រកកែវសីមា។ លោកថា ក្រុមហ៊ុន ឌីសនី ទិញឥណទានកាបូនរយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ត្រឹមកាបូន ៣៦៥.០០០តោន ដែលចំនួននេះមិនទាន់ស្មើពាក់កណ្ដាលនៃចំនួនកាបូនដែលមានសព្វថ្ងៃនៅដែនជម្រកកែវសីមា។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃជិត ៣០ម៉ឺនហិកតារ គ្របដណ្ដប់ក្នុងឃុំចំនួន៤ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី សម្បូរដោយប្រភេទព្រៃផ្សេងៗរួមមាន ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃរបោះ តំបន់វាលស្មៅ។
កត្តាទាំងនោះហើយធ្វើឲ្យតំបន់នេះសម្បូរសត្វព្រៃ និងសត្វព្រៃកម្រ ដូចជា ដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង ត្រយងយក្ស កង្កែបអូររាំង ស្វាកន្ទុយស និងទទាទ្រូងលឿង ជាដើម។ កត្តាពិសេសមួយទៀត ពលរដ្ឋរស់នៅតំបន់នេះជាជនជាតិដើមភាគតិចព្នង ដែលជាសហគមន៍រស់នៅអាស្រ័យលើព្រៃឈើ។
«សំឡេងសត្វយំ និងទឹកហូរ»
ទាក់ទងការអភិវឌ្ឍសហគមន៍នេះដែរ ក្រុមពលរដ្ឋជាអ្នកល្បាតនៅមូលដ្ឋាន រំពឹងថា ថវិកាបានពីការលក់ឥណទានកាបូន នឹងជួយធ្វើឲ្យជីវភាពពួកគាត់កាន់តែប្រសើរ តាមរយៈការបង្រៀនបច្ចេកទេសចិញ្ចឹមសត្វ ដាំបន្លែ និងតភ្ជាប់ផ្លូវ ភ្លើង សាលារៀន មកដល់មូលដ្ឋានរបស់ពួកគេ៕