loading...

បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក




ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦   
ប្រភពៈ មនសិការខ្មែរ

កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ក្នុង​វេទិកា​ស្ដីពី​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​យ៉ាងច្បាស់​លាស់​ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ឲ្យ​គង់​វ​ង្យ​យូរអង្វែង​តទៅទៀត​។ ក៏ប៉ុន្តែ​សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញ​វិធានការ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​នោះ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ការពារ តំបន់​អភិរក្ស នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។
សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ព្រៃ​ឡង់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន យកចិត្តទុកដាក់​អនុវត្តន៍​តាម​នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិន​ខ្វល់​ពីបទ​បញ្ជា​ឬ​វិធានការ​បង្ក្រាប​របស់រ​ដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ឡើយ​ព្រោះ​កន្លងមក​រាល់​បទបញ្ជា​និង​វិធានការ​ទាំងនោះ​ក្លាយទៅជា​រឿង​ឥតន័យ​ខ្លឹមសារ​។
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ក៏បាន​លើកឡើង​ដែរ​ថា ព្រៃ​ឡង់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅតែ​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សិប្បកម្ម​កែច្នៃ​ឈើ​និង​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ហាក់ដូចជា​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​ជាង​មុន​ក្នុងការ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពួកគេ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ឧត្ដរមានជ័យ ពោធិ៍សាត់ និង​កំពង់ស្ពឺ​ជាដើម នៅតែ​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​ការបើក​ដៃ​ពី​សមត្ថកិច្ច​ពុករលួយ​។
នៅក្នុង​ខេត្តពោធិ៍សាត់​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​រាយការណ៍​ថា បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​លេខ​១​នៅក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​បរិស្ថាន ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក៏មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ហេតុនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ឡើងវិញ​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​ឥតឈប់ឈរ​ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ខិលខូច និង​មន្ត្រី​ពុករលួយ​ជាច្រើន​ស្ថាប័ន​៕
Share:
+
Previous
Next Post »