loading...

អង្គការ​សត្វព្រៃ ថា មាន​ដំរី​ជាង​២០០ ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី និង​ជាង​១០០ ក្បាល​នៅ​ជួរ​ភ្នំក្រវាញ


ដោយ៖ រ៉ឹម ភារី
​ភ្នំពេញ​៖ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដែល​ធ្វើ​ការងារ​លើ​ការអភិរក្ស​សត្វព្រៃ បាន​ប៉ាន​ប្រមាណ​ថា មាន​ដំរី​ជាង​២​រយ​ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី និង​ជាង​១០០​ក្បាល​នៅ​ជួរ​ភ្នំក្រវាញ​។ ការលើកឡើង​បែបនេះ គឺធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការ​ការអបអរ សមិទ្ធផល​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​គ្មាន​ការ​បរបាញ់​សត្វ​ដំរី​អាស៊ី ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមកដល់​បច្ចុប្បន្ន​។​

​ខណៈ​ការបារម្ភ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការបាត់បង់​សត្វព្រៃ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ប្រារព្ធ​ពិធី​អបអរ​សមិទ្ធ​ផលរប​ស់​ខ្លួន ដែល​បានធ្វើ​ឲ្យ​សត្វ​ដំរី​មាន​កើនឡើង និង​រារាំង​ក្រុម​ឈ្មួញ និង​ជនល្មើស រហូត​ករណី​សម្លាប់សត្វ​ដី​រី​ស្មើនឹង​ចំនួន​សូន្យ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ប៉ាន់ប្រមាណ​ថា នៅ​កម្ពុជា​នៅសល់​សត្វ​ដំរី​ប្រមាណ​ជាង​២០០ ក្បាល​នៅក្នុង​ខេត្តរតនគិរី និង​ជាង​១០០ ក្បាល​ទៀត​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ «​គ្មាន​នរណា​ដឹង​ទេ ពី​ចំនួន​ដំរី​ពិតប្រាកដ​នៅ​ជួរ​ភ្នំក្រវាញ និង​ខ្ពង់រាប​ខេត្តមណ្ឌលគិរី តែ​ទោះជា​យ៉ាង​ក៏ដោយ​មានការ​ប៉ាន​ប្រមាណ​ថា នៅ​ខេត្តមណ្ឌលគិរី​មាន​ដំរី​ពី​២០០​ទៅ​៣០០​ក្បាល ហើយ​នៅ​ជួរ​ភ្នំក្រវាញ​មាន​ចន្លោះ​ពី​១០០​ទៅ​២០០​ក្បាល តែ​ខ្ញុំ​មិនសូវ​ច្បាស់​នោះទេ​។ ខ្ញុំ​ទុក​ឲ្យ​អ្នក​ចុះ​ល្បាត​នៅ​ភ្នំក្រវាញ​ផ្ទាល់ ឆ្លើយ​ទើប​ច្បាស់​ជាង​»​។ នេះ​ការអះអាង​របស់​បណ្ឌិត Thomas Gray​នាយក​ផ្នែក​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍន៍​សកលរ​បស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​កណ្តាល អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ សីហា​នេះ​។



​លោក Nop Thet ទីប្រឹក្សា​ក្រុម​ចុះ​ល្បាត​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​តែងតែ​ចុះ​ល្បាត​ជាប្រចាំ​នៅ​ជួរ​ភ្នំក្រវាញ បាន​អះអាង​គាំទ្រ​នឹង​ការលើកឡើង​របស់​បណ្ឌិត Thomas Gray  ថា ដំរី​នៅ​តំបន់​ជួរ​ភ្នំក្រវាញ គឺមាន​ការកើនឡើង បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំមុន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ពួក​ខ្ញុំ គឺជា​អ្នក​ចុះ​ល្បាត​ជាក់ស្តែង​ជាប្រចាំ​។ យើង​បានឃើញ​ដាន​ដំរី អាចម៍ដំរី​និង​ផ្លូវ​ដំរី​ច្រើន ព្រមទាំង​ឃើញ​ដំរី​ជាច្រើន​ដោយផ្ទាល់​មាន​កើនឡើង​ច្រើន​។ ខ្ញុំ​គិតថា ដំរី​មាន​កើនឡើង​ពី​៥០​ទៅ​៦០​ភាគរយ​»​។

​ទន្ទឹមនឹង​ការកើនឡើង​សត្វ​ដំរី​នៅ​ប្រទេស​កម្ពុជា​នេះដែរ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានធ្វើការ​តាំងពី​ឆ្នាំ​២០០៦​មក ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ដំរី​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​។ កាលពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៦ មាន​ដំរី​អាស៊ី​ចំ​នួ​៣៧​ក្បាល ត្រូវបាន​គេ​សម្លាប់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ តែ​ចាប់​តាំង​ឆ្នាំ​២០០៦​រហូតមកដល់​ពេលនេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ សហ​ការណ៍​ជា​រដ្ឋបាល​ព្រៃឈើ ក្រសួងបរិស្ថាន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​បាន​ចាប់​អន្ទាក់​ចំនួន​ជាង​១៤​ម៉ឺន ព្រមទាំង​ចាប់បាន​ជនល្មើស​ជាង​៣០០​នាក់​បញ្ជូនទៅ​តុលាការ​ផងដែរ​។

​ដោយឡែក អង្គការ​រុក្ខជាតិ និង​សត្វ​អន្តរជាតិ (FFI) កាលពី​ឆ្នាំ​២០០៨ បាន​ប៉ាន់ប្រមាណ​ថា យ៉ាងហោចណាស់​ក៏មាន​ដំរី​ចំនួន​១៧៥​ក្បាល កំពុង​រស់នៅក្នុង​ច្រករបៀង​ដំរី​ភាគ​នីរ​តី​នេះ​។

​សូមបញ្ជាក់ថា ឧ​ទ្យា​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង មាន​ទំហំ ៤១០,០០០ ហិច​តា ទើបតែ​បង្កើត​ថ្មី គឺ​ស្ថិតនៅ​ចំ​កណ្តាល​ជម្រក​សត្វ​ដំរី និង​ជួយ​រក្សា​ឲ្យ​ដែន​ជម្រក​នេះ សម្រាប់​ជា​តំបន់​ទេសភាព​សត្វ​ដំរី​៕    
Share:
+
Previous
Next Post »