loading...

ឧកញ៉ា សី កំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាង​មហន្តរាយ


ដោយ មនសិការខ្មែរ





ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហន្តរាយ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រោះ​ឧកញ៉ា សី កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​យ៉ាង​គគ្រឹកគគ្រេង ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឧកញ៉ា សី ឬ ធី រិ​ទ្ធ​សី បាន​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តរតនគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឧកញ៉ា សី បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​សណ្ដោង​កន្ទុយ​ពី​៧​ទៅ​៨​គ្រឿង​ដឹកឈើ​ក្រហម​ប្រភេទ​លេខ​២​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក ហុង សុវណ្ណ​រាន ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​៣​ស្រុក​-​ក្រុង គឺ​ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា សី ដែលជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​។ លើស​នេះ​ទៅទៀត​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ទំនង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឧកញ៉ា សី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​នៅក្នុង​ឯកសារ​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ដែល​ឧកញ៉ា សី សុំ​ដឹកជញ្ជូន​គឺ​ក្នុង​មួយ​រថយន្ត​ត្រូវ​ដឹកឈើ​តែ​១៦​ម៉ែត្រគូប ប៉ុន្តែ​ជាក់ស្ដែង​ក្នុង​១​រថយន្ត​គេ​ផ្ទុក​ឈើ​ពី​៣០​ទៅ​៤០​ឬ​៥០​ម៉ែត្រគូប​។ ការដែល​ឧកញ៉ា សី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ហេតុនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា សី នៅក្នុង​ខេត្តរតនគិរី​ជាបន្ទាន់ ហើយក៏​ត្រូវ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ជាបន្ទាន់​ផងដែរ​៕
Share:
+
Previous
Next Post »