loading...

ករណី​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ជាប់​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ហួសចិត្ត​យ៉ាងខ្លាំង



ដោយ មនសិការខ្មែរ
ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​រឿងរ៉ាវ​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប ចាប់​វ៉ៃខ្នោះ​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ​មួយរូប ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ​អំណាច​កាង​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​។ ការចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ គឺ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប អនុវត្តន៍​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដោយសារតែ​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ឈ្មោះ សេង ប៊ុន​តេង ធ្វើ​សកម្មភាព​បើករថយន្ត​របស់ខ្លួន​កាង​រថយន្ត​ដឹកឈើ​គ្រញូង ហើយ​រាល​រាំងផ្លូវ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​មើស​ព្រៃឈើ​។ ការចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ឈ្មោះ សេង ប៊ុន​តេង បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ចាប់ពី​ចំណុច​ស្រុក​បន្ទាយស្រី រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ទើប​ចាប់បាន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។
ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះបាន​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ សេង ប៊ុន​តេង ឋានៈ​វរសេនីយ៍ត្រី​(​ស័​ក្ដិ៍​៤) មាន​តួនាទី​ជា​ជំនួយការ​លោក ហ​ង្យ ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។ រឿងរ៉ាវ​ដែល​ឈានដល់​ការចាប់ខ្លួន​លោក សេង ប៊ុន​តេង គឺ​មកពី​មន្ត្រី​អាវុធហត្ថ​រូបនេះ​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ

 

ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-9861 របស់ខ្លួន​មករា​រាំង​ពីមុខ​រថយន្ត​សមត្ថកិច្ច​ដែល​តាម​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សេង ប៊ុន​តេង បាន​បើករថយន្ត​របស់ខ្លួន​រេ​ពេញ​ផ្លូវថ្នល់​មិន​ឲ្យ​រថយន្ត​សមត្ថកិច្ច​៣​គ្រឿង​តាម​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​បាន​។
ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​កន្លងមក​លោក សេង ប៊ុន​តេង អាង​តួនាទី​របស់ខ្លួន​ជា​ជំនួយការ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ហើយ​ប្រើ​អំណាច​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ការដែល​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប អនុវត្តន៍​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ក្នុងការ​ចាប់ខ្លួន​លោក សេង ប៊ុន​តេង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​លោក សេង ប៊ុន​តេង ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ជា​យូរ​មកហើយ​។ នៅក្នុង​ការចាប់ខ្លួន​លោក សេង ប៊ុន​តេង គឺ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ដកហូត​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ​១​គ្រឿង អាយកូម​១​គ្រឿង ស្រោម​កាំភ្លើងខ្លី​ចំនួន​២ ខ្នោះដៃ​២ កាំភ្លើង​ម៉ា​កឡុក​មាន​គ្រាប់​ចំនួន​១៤​គ្រាប់ និង​សម្ភារៈ​មួយចំនួនទៀត​។ មជ្ឈដ្ឋាន​នានា​ចាំ​មើលថា សមត្ថកិច្ច​ខេត្តសៀមរាប ចាត់វិធានការ​បែបណា​ទៅលើ​លោក សេង ប៊ុន​តេង ជំនួយការ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ព្រោះ​លោក សេង ប៊ុន​តេង ប្រើ​អំណាច​របស់ខ្លួន​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខេត្តឧត្ដរមានជ័យ ព្រះវិហារ និង​សៀមរាប ទៅ​ស្រុក​យួន​ជាច្រើន​ឆ្នាំ​មកហើយ​៕

Share:
+
Previous
Next Post »