ថ្ងៃពុធ, ១០ សីហា ២០១៦ ១១:០០ ព្រឹក
ដោយ មនសិការខ្មែរ
សកម្មជនបរិស្ថាននៅខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលបួនថ្ងៃ គឺចាប់ពីទី០៥ដល់ថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ គេឃើញរថយន្ដយីឌុបធំៗបានដឹករទេះក្របីមកពីចម្ងាយ រាប់សិបនឹមមកទម្លាក់នៅចំណុច វាលថ្មរំផ្លង់ ស្ថិតនៅឃុំអូរជុំ ស្រុកអូរជុំ ចូលទៅកាប់ឈើដោយខុសច្បាប់នៅក្នុងឧទ្យានជាតិវីរៈជ័យ ខណៈមន្ត្រីជំនាញគ្មានវិធានការទប់ស្កាត់អ្វីឡើយ ហើយសកម្មភាពនេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានមានការខឹងសម្បា។
រទេះក្របីទាំងនោះបានបរបំបែកគ្នាជាក្រុមៗ មានក្រុមខ្លះបរឆ្លងកាត់ទីរួមស្រុកតាវែង ហើយរទេះក្របីខ្លះទៀតបរទៅកាន់ ស្រុកវ៉ើនសៃ ដើម្បីចូលព្រៃជ្រៅធ្វើសកម្មភាពកាប់ឈើប្រណីត ហើយដឹកឈើទាំងនោះចេញពីព្រៃមកវិញ។ សកម្មជនបរិស្ថានបានបញ្ជាក់ថា ក្រោយពីកាប់ឈើ និងដឹកចេញពីតំបន់អភិរក្សរួចមក គេសង្កេតឃើញរថយន្តធុនធំបានចាំនៅខាងក្រៅតំបន់អភិរក្សរួចជាស្រេចដើម្បីប្រមូលដឹកឈើទាំងនោះយកចេញទៅបាត់ដោយរលូន ខណៈមន្ត្រីជំនាញនៅក្នុងភូមិសាស្ត្រស្រុកទាំងពីរខាងលើនេះ មិនបានអើពើចំពោះបទល្មើសឡើយ។
ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ដែរថា ការដឹកជញ្ជូនឈើភាគច្រើនកើតឡើងនៅពេលយប់ ហើយអ្នកអារឈើ និងអ្នកដឹកឈើ ខ្លះមានកាំភ្លើងច្នៃ ដែលជាហេតុធ្វើឲ្យមន្ត្រីជំនាញខ្លាចរអា។ យ៉ាងណាក្តី ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដែលនៅឈរជើងតំបន់នោះ ហាក់បីដូចជាមានសភាពធូររលុងបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធំៗ ឡានកូរ៉េ ធ្វើសកម្មភាពបានយ៉ាងរលូន ដោយពុំមានទប់ស្កាត់អ្វីសោះ ឬមួយសមត្ថកិច្ចដែលមានអាវុធនៅនឹងដៃខ្លាចកាំភ្លើងកែច្នៃរបស់ជនល្មើស។
ជុំវិញបញ្ហាខាងលើនេះ សកម្មជនបរិស្ថាននៅខេត្តរតនគិរី បានបង្ហើបថា ការពិតទៅមន្ត្រីជំនាញមិនមែនខ្លាចជនល្មើសទេ តែបញ្ហានៅត្រង់ថាមន្ត្រីជំនាញមួយចំនួនមានផលប្រយោជន៍រួមគ្នាជាមួយក្រុមជនល្មើស ហើយក្នុងករណីខ្លះសមត្ថកិច្ចក៏ពិបាកធ្វើសកម្មភាពបង្ក្រាបផងដែរដោយសារស្ថានភាពភូមិសាស្ត្រមានលក្ខណៈស្មុគស្មាញ។ សកម្មជនបរិស្ថានបានបញ្ជាក់ថា បើសមត្ថកិច្ចជំនាញពិតជាមានឆន្ទៈពិតប្រាកដ បទល្មើសព្រៃឈើនឹងអាចបង្ក្រាបបាន ព្រោះជនល្មើសចូលព្រៃជ្រៅកាប់ឈើបាន ដូចនេះសមត្ថកិច្ចត្រូវបង្ហាញសមត្ថភាពបម្រើប្រជាពលរដ្ឋ៕