ថ្ងៃពុធ, ១៧ សីហា ២០១៦
ដោយ មនសិការខ្មែរ
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន ជាអភិបាលខេត្តរតនគិរី ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា មិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះទេ។ ហេតុនេះហើយទើបប្រជាសហគមន៍ការពារព្រៃឈើនៅស្រុកលំផាត់ ក៏ដូចជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ពិនិត្យមើលភាពអសកម្មរបស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីជាបន្ទាន់។ ទន្ទឹមនឹងនេះក៏មានការអំពាវនាវទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរីផងដែរ ព្រោះបទល្មើសផ្សេងៗជាពិសេសបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅតែកើតឡើងយ៉ាងរាលដាល។
សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថ្មីៗនេះបានឃើញរថយន្តធន់ធំ២គ្រឿងដឹកជញ្ជូនឈើប្រភេទលេខ១និងលេខ២ចេញពីដីសម្បទានក្រុមហ៊ុនហ្សូមហ្វាង នៃភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ហើយគេសង្ស័យថាជាឈើខុសច្បាប់។ ទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នោះឡើយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុនេះហើយទើបក្រុមហ៊ុនហ្សូមហ្វាង អាចកាប់ឈើក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន រួចដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ស្រេចតែអំពើចិត្ត ព្រោះមានការឃុបឃិតជាមួយសមត្ថកិច្ចពុករលួយ និងមន្ត្រីជំនាញច្រើនស្ថាប័ន។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកលំផាត់ បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញពីមូលដ្ឋានរបស់ពួកគាត់ទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេង ហើយឈ្មួញមួយចំនួនបានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដើម្បីបិទបាំងសកម្មភាពរបស់ខ្លួន។ ចំណែកលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ ក្រុងបានលុង និងស្រុកកូនមុំ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ហើយមិនចាត់វិធានការបង្ក្រាបបទល្មើសឲ្យស្របទៅតាមតួនាទីរបស់ខ្លួនឡើយ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី កំពុងឃុបឃិតគ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន ដើម្បីជាថ្នូរនឹងលុយយ៉ាងក្រអឺតក្រទម៕