ថ្ងៃពុធ, ១៧ សីហា ២០១៦
ដោយ មនសិការខ្មែរ
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ រថយន្តយីឌុបធុនធំ២គ្រឿងបានដឹកឈើលេខ១និងឈើលេខ២ចេញពីទឹកដីស្រុកជាំក្សាន្ត ចូលមកខេត្តកំពង់ធំយ៉ាងរលូន ហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឡើយ។ មន្ត្រីអាជ្ញាធរក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា នៅតាមដងផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ មានប៉ុស្ដិ៍ត្រួតពិនិត្យរបស់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែង ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើរបស់ក្រុមហ៊ុនហុងសុភាពឡើយ។ គេសង្ស័យថាសមត្ថកិច្ចទទួលផលប្រយោជន៍ពីក្រុមហ៊ុនហុងសុភាព ទើបបណ្ដោយឲ្យក្រុមហ៊ុននេះដឹកជញ្ជូនឈើតាមអំពើចិត្ត។
មន្ត្រីអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុនហុងសុភាព បានទទួលសិទ្ធិក្នុងការដេញថ្លៃនិងម៉ៅការឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចធ្វើផ្លូវនិងផ្ទះឲ្យគ្រួសារកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងភូមិឈើទាលគង ឃុំស្រអែម ស្រុកជាំក្សាន្ត។ ប៉ុន្តែក្រុមហ៊ុននេះបានឈានដល់ការអារច្រៀកឈើដឹកជញ្ជូនធ្វើអាជីវកម្មឆ្លងខេត្តស្រេចតែអំពើចិត្តដោយមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័នទៀត។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរពិនិត្យមើលសកម្មភាពមិនប្រក្រតីក្រុមហ៊ុនហុងសុភាពជាបន្ទាន់ ព្រោះក្រុមហ៊ុននេះកំពុងប្រើប្រាស់រថយន្តយីឌុបធំៗដឹកឈើពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ តាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានឲ្យដឹងថាឈើដែលក្រុមហ៊ុនហុងសុភាព ដឹកជញ្ជូនពេញរថយន្តធំៗកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ មិនមែនជាឈើដែលបានមកពីការឈូសឆាយធ្វើផ្ទះឲ្យគ្រួសារកងទ័ពនៅក្នុងឃុំស្រអែមនោះទេ។ ផ្ទុយទៅវិញឈើទាំងនោះអាចកាប់ដឹកចេញពីតំបន់ព្រៃអភិរក្សជុំវិញប្រាសាទព្រះវិហារ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការត្រួតពិនិត្យឲ្យបានដិតដល់ព្រោះបច្ចុប្បន្នព្រៃឈើនៅតំបន់ប្រាសាទព្រះវិហារ កំពុងប្រឈមនឹងការបំផ្លាញឥតឈប់ឈរ។ ជាងនេះទៅទៀតព្រៃឈើក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុករវៀង ខេត្តព្រះវិហារ ក៏កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយដែរ ព្រោះមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៕