អ្នកនេសាទផ្កាប់ឆ្នាំង ២០១៦ |
គ្រួសារអ្នកនេសាទដែលរស់នៅតាមដៃបឹងទន្លេសាបនៅតែបន្តជួបវិបត្តិអត់ត្រីដដែលដោយសារបរិមាណត្រីមានការធ្លាក់ចុះខ្លាំងពេក បើប្រៀបធៀបការនេសាទរបស់ពួកគេនៅពេលមុនៗ។
ប្រជាពលរដ្ឋ ដែលរស់នៅតាមដៃបឹងទន្លេសាប និងប្រកបរបរចិញ្ចឹមជីវិតដោយការនេសាទត្រី មិនអាចរកត្រីមកផ្គត់ផ្គង់ជីវភាពដូចពីមុនឡើយ ដោយសារបរិមាណត្រី ដែលពួកគេអាចរកនៅក្នុងបឹងទន្លេសាប ដែលធ្លាប់ជាជង្រុកត្រីដ៏ធំរបស់ប្រទេសកម្ពុជានោះ បានធ្លាក់ចុះយ៉ាងខ្លាំង។
គ្រួសារអ្នកនេសាទដែលរស់នៅតាមដៃបឹងទន្លេសាបនៅតែបន្តជួបវិបត្តិអត់ត្រីដដែលដោយសារបរិមាណត្រីមានការធ្លាក់ចុះខ្លាំងពេក បើប្រៀបធៀបការនេសាទរបស់ពួកគេនៅពេលមុនៗ។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទ លោក អេង គឹមឈួ ប្រធានសមាគមន៍បឹងទន្លេសាបប្រចាំស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា លោកគឺជាអ្នកនេសាទដែលធ្លាប់នេសាទនៅលើបឹងនេះអស់រយៈពេលជាងសាមសិបឆ្នាំ តាំងពីក្រោយពេលរបបខ្មែរក្រហមបានដួលរលំ។
លោកបានបញ្ជាក់ថា៖
«ពីមុនមក មួយថ្ងៃរកបានហាហុកសិបគីឡូ មានថ្ងៃខ្លះទៅដល់មួយរយ។ រករាល់ថ្ងៃនេះបានបួនប្រាំគីឡូ។ ទំនិញឡើងថ្លៃគ្រប់មុខទៅហើយ យើងរកអត់សូវបានទៅហើយ។ កូនធំៗត្រូវរៀនផង»។
បរិមាណត្រីដែលលោកអាចរកបានមានការធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យចំណូលប្រចាំថ្ងៃរបស់លោកមានការធ្លាក់ចុះ ខណៈដែលចំណាយនៅតែកើនឡើង ហើយលោកត្រូវចិញ្ចឹមសមាជិកគ្រួសារបួននាក់ រួមទាំងរូបលោក។ ហើយកូនបួននាក់ទៀតត្រូវទៅធ្វើកម្មករនៅរាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់ Global Nature Fund បឹងទន្លេសាបត្រូវបានគេចាត់ទុកថា ជាទន្លេដែលរងការគំរាមកំហែងខ្លាំងជាងគេ នៅឆ្នាំ២០១៦។
បឹងទន្លេសាបជាជង្រុកត្រីដ៏ធំមួយរបស់ប្រទេសកម្ពុជា ប៉ុន្តែដោយសារសកម្មភាពមនុស្ស ដូចជាការប្រើថ្នាំពុល គ្រឿងផ្ទុះ ឧបករណ៍ឆក់ និងការប្រើសំណាញ់ក្រឡាញឹកជាដើម ការសាងសង់ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុបានធ្វើឲ្យបឹងនេះបាត់បង់នូវប្រភពជីវៈចម្រុះ ហើយធ្វើឲ្យត្រីនៅក្នុងទឹកនោះក៏ត្រូវបាត់បង់ដែរ។
លោកគឹម ឈួជាគ្រួសារមួយក្នុងចំណោមអ្នកនេសាទ៨០០រយគ្រួសារទៀតដែលរងគ្រោះដោយសារការបាត់បង់ត្រីនៅក្នុងឃុំរបស់លោកដែលបង្ខំឲ្យគ្រួសារខ្លះមានកូនធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស ឬនៅភ្នំពេញដើម្បីរកចំណូលផ្គត់ផ្គង់បន្ថែមពីលើមុខរបរនេសាទរបស់ពួកគេ។
អ្នកនេសាទម្នាក់ទៀតលោកអៀង ណាំ ប្រធានសមាគមន៍អ្នកនេសាទ និងជាអ្នកនេសាទនៅតាមតំបន់បេ៦នៃដៃព្រែកទន្លេមេគង្គ ខេត្តកំពង់ចាម ក៏ជួបប្រទះនឹងបញ្ហាប្រហាក់ប្រហែលគ្នាដែរ ហើយលោកត្រូវបង្ខំចិត្តផ្លាស់ប្តូរអាជីពទៅជាអ្នករត់រឺម៉កវិញ។
«បើយើងប្រៀបធៀបពីដប់ឆ្នាំមុន ផលត្រីខុសគ្នាច្រើនណាស់មកដល់បច្ចុប្បន្ននេះ។ វាអត់មានត្រីទៀតទេ។ អ្នកនេសាទ ដែលអត់មានមុខរបរ ត្រូវធ្វើចំណាកស្រុកទៅរកមុខរបរផ្សេងទៅភ្នំពេញ ទៅថៃ ដោយសារតែត្រីនៅតំបន់នេះវាអស់តែម្តង»។
លោកបន្ថែមថា៖
«ខ្ញុំសម្រេចចិត្តឈប់នេសាទ ដោយសារអត់ត្រី។ កន្លងមកយើងធ្លាប់រកបានដប់ម្ភៃគីឡូក្នុងមួយថ្ងៃ ឥឡូវនេះយើងមួយថ្ងៃយើងទៅរកអត់បានមួយគីឡូទេ»។
លោកគឹម ឈួគិតថា មូលហេតុដែលនាំឲ្យបាត់បង់ត្រីគឺដោយសារកត្តាមនុស្សផង កត្តាធម្មជាតិផង។
«កត្តាមនុស្សគឺមនុស្សយើងឥឡូវប្រើឧបករណ៍ញឹកពេក ហើយយកត្រីឡើងអស់ហើយ ហើយមួយទៀតទឹកហ្នឹងចេះតែតូចទៅៗ អត់ធំ។ ជិតដល់ខែភ្ជុំ ធម្មតាខែនេះទឹកវាបីបួនម៉ែត្រ ហើយឥឡូវអត់ទាន់បានពីរម៉ែត្រផង»។
លោកបណ្ឌិតណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និយាយថា ក្រសួងមានគម្រោងផ្សេងៗដើម្បីស្តារដៃទន្លេឡើងវិញ។
លោកនិយាយថា៖
«យើងកំពុងពិភាក្សាគ្នាអំពីថា តើយើងគួរធ្វើយ៉ាងណាឲ្យទន្លេសាបអាចរក្សានិរន្តរភាពបាន ហើយនឹងបង្កើនបរិស្ថានជលផលឲ្យល្អឡើងវិញ»។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាមិនមែនរដ្ឋាភិបាលគិតថា មានកត្តាច្រើនដែលអាចនាំឲ្យឈានទៅដល់ការបាត់បង់ត្រីកម្រិតច្រើនបែបនេះ។
«ទីមួយការថយចុះនៃព្រៃលិចទឹក។ ទីពីរគឺការថយចុះនៃកម្រិតទឹកគ្របដណ្តប់ព្រៃលិចទឹក។ ចំណុចទីបីគឺការគោករីងរាក់នៃតំបន់បឹងទន្លេសាប។ តំបន់មួយចំនួនដែលជាប្រភពត្រីហ្នឹងបានគោករីង»។
អង្គការ Conservation International កំណត់ថា ជលផលដែលបានមកពីទន្លេសាបគឺជាវិស័យដែលផ្តល់ចំណូលដល់កម្ពុជាប្រហែលពីរពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ហើយពីរភាគបីនៃប្រជាជនកម្ពុជាបរិភោគត្រីទាំងនេះដែលជាប្រភពនៃប្រូតេអ៊ីនប្រចាំថ្ងៃរបស់ពួកគេ៕
VOA
08-9-2016